មុខ​សាលា គេមិន​ឲ្យ​លក់

«ក្នុងសាលាគេលក់​ហើយ អ្ហែងមកលក់ក្រៅចឹងម៉េច​គេឲ្យ​លក់?»

អ្នកលក់ដំឡូងដឹកកង់ម្នាក់ស្រែកថា​ឲ្យខ្ញុំ ខណៈពេល​ដែល​ខ្ញុំ​រៀប​យកសៀវភៅផាត់​ពណ៌​មកលក់។

«ខាងក្នុងគេបង់លុយ អ្ហែងមកលក់ក្រៅ​ចឹង ម៉េច​គេឲ្យ​លក់?»

«អត់អីទេ! ជ្រុលមក​ហើយ ចាំគេដេញ ចាំខ្ញុំទៅ!» ខ្ញុំតបទាំងញញឹម។

«…ទេ…. ខ្ញុំក៏លក់​នៅហ្នឹង អ៊ីឯងក៏លក់នៅហ្នឹង ឆ្ងល់ម៉េច​អ៊ីឯងលក់បាន ខ្ញុំលក់អត់បាន… ណាមួយ សៀវភៅ​ផាត់ពណ៌ហ្នឹងខ្ញុំ​ធ្វើខ្លួនឯង បើខ្ញុំ​មិនលក់ឲ្យខាងក្នុង​ផង ម៉េចខាងក្នុង​មានលក់?» គ្រាន់​តែ​ឭខ្ញុំនិយាយ​បែបនេះ គាត់ក៏ស្ងាត់មាត់បន្តិចទៅ។

«អូន!​ តោះ! សៀវភៅផាត់ពណ៌ ម៉ាក្បាល​ប្រាំរយៗ!» ខ្ញុំស្រែកអំពាវនាវ​ហៅក្មេងៗឲុ្យជួយទិញ។

ឃើញខ្ញុំលក់បាន គាត់ក៏ចាប់ថាទៀត៖ «គេខាងក្នុង​គេបង់លុយរាប់រយ(ដុល្លារ) អ្ហែង​មកលក់ចឹង អត់បង់លុយឲ្យ​គេផង ម៉េចគេឲ្យ​លក់? តិច​គេរករឿងមិន​ឲ្យ​លក់​ទាំងអស់គ្នាទៅ»។​

អ្នកលក់ការ៉េម អ្នកលក់ផ្សេងៗទៀតនៅមុខក្លោងទ្វារសាលាបង្ហាញ​ទឹកមុខ​គាំទ្រសម្តីមីង។

ជួងក៏​ឮ ម៉ោងប្រាំពីរព្រឹកល្មម ក្មេងៗចូលរៀនបណ្តើរៗហើយ ខ្ញុំក៏រៀបឥវ៉ាន់​រើមកលក់ឯផ្សារម៉ាតង់ទៀត ជាមួយ​នឹងរបស់លក់ផ្សេងៗ។

អ្វីដែលមីងលក់​ដំឡូងថាឲ្យ​ខ្ញុំមុននេះបន្តិច នៅតែងំរណ្តំក្នុង​ត្រចៀក​ខ្ញុំ។ ខ្ញុំយល់​នូវបំណងដែលគាត់ថាឲ្យ​ខ្ញុំ៕
—————————————————
សរសេរដោយ​ អាពៅ នៅសៀមរាប ថ្ងៃទី៣០ មករា ២០១៥

កាលអាកាស៖ មុនម៉ោង​៧ព្រឹក ថ្ងៃទី៣០មករា ២០១៥ មុខសាលា​បឋមសិក្សា​ធ្លកអណ្តូង ខេត្តសៀមរាប