នរណានឹងឆក់យកជីវិតសាមញ្ញមួយនេះទៅ?

          ទៅក្រោយផ្ទះបន្តិចក៏រកបានត្រី និងបន្លែមកស្ល។  ហើយបើបែបនេះ​ តើ​ជីវិត​យើង​អាច​រស់នៅបានដោយ​​​ភាព​សាមញ្ញ​ទេ?

          បងស្រីម្នាក់ដែលខ្ញុំភ្លេចឈ្មោះ បងបានបង្ហាញ ថាក្រោយពីចប់ស្រែប្រាំង ប្តីគាត់​មិន​ចាំបាច់​ទៅ​រក​ការងារនៅស្រុកឆ្ងាយផ្ទះទេ។ គាត់គ្រាន់តែធ្វើជាអ្នក​ឌុបភ្ញៀវ​ទេសចរ​ទៅមកក្នុង​តំបន់​ជ្រលង​អារ៉ែង ឬនេសាទចិញ្ចឹមឆ្នាំងគឺរស់នៅបានស្រួលហើយ ។ អ្នកបងក៏បន្ទរថា៖ « ខ្ញុំ​អត់​​ចង់​ចេញទៅណាទេ ទីនេះរស់នៅស្រួលណាស់។  ​បើ​ធ្វើ​​ស្រែបាន​ច្រើន យើង​លែង​ភ័យ​ពី​រឿង​អត់​ម្ហូបហើយ។ មានលុយតែបន្តិច គឺយើងអាចរស់បាន…»។  ងាកមកមើលសមាជិក​គ្រួសារវិញ ​អ្នកបងគាត់មានកូន ៦ នាក់ ហើយម្នាក់ក្នុងចំណោមនោះគឺ វិសាល។ គេមានអាយុ ៨ ឆ្នាំ។ តែជាអកុសល​ ភ្នែក​ខាង​ឆ្វេង​របស់វិសាលខូចតាំងពីកំណើត ។​​ មិនតែប៉ុណ្ណោះ គេរស់​នៅ​ក្នុង​សភាព​ខុសប្រក្រតីទៀតផង។ កំពុងតែ​និយាយ​ជា​មួយ​បងស្រី ស្រាបតែកូនស្រី​របស់​គាត់​ម្នាក់​ទៀតរត់​មក​តាំង​ៗ បើកគ្របឆ្នាំង ដួស​បាយ​ពីរ​បី​វែក​ដាក់ចាន នឹង​ស្រង់​ត្រី​មួយ​កង់​ពី​ឆ្នាំង​សម្ល មក​ញ៉ាំ។

IMG_20150209_092629

រូបថតដោយ៖ យ៉េង ឈាងលី

          បើយោងទៅតាមសម្តីបងស្រី ជីវិតអ្នកភូមិទាំងអស់នៅទីនេះ ពិតជាពឹងពាក់ទៅនឹង​ធន​ធាន​ធម្មជាតិខ្លាំងមែនទែន ដូច​នេះពួក​គាត់​យល់សឹងតែដូចគ្នាៗ​ថា​ ជីវិតគាត់អាច​រស់នៅ​បាន​យ៉ាង​ស្រួល ប្រសិនណា​បើស្រែចំការរបស់គាត់​​ទទួល​បាន​ភោគ​​ផល​​​ល្អ។ ហើយម្ហូបរបស់​គាត់​គឺ​មិន​ពិបាកដូចទីផ្សេងឡើយ។   គាត់មិនត្រូវការ​លុយ​​កាក់ច្រើននោះទេ តែពួកគាត់ចង់រស់នៅជួប​ជុំ​គ្រួសារ​។ គាត់មិន​ត្រូវ​ការ​ចំណាក់​ស្រុក​នោះ​ទេ ព្រោះទីនេះសម្បូរអាហារ ត្រីសាច់ ជា​ដើម។

10847526_1539440886324367_2853630258172152253_o

រូបថតដោយ៖  កញ្ញា ចេង ស្រីមុំ

          ថ្ងៃទីពីរក្នុងដំណើរកម្សាន្តឆ្ពោះទៅកាន់ជ្រលងអារ៉ែង បានប្រាប់ខ្ញុំថា ជីវិតសាមញ្ញគឺ ផ្សា​​ភ្ជាប់​​ទៅ​នឹង​ធម្មជាតិ តួយ៉ាង ជីវិតអ្នកភូមិ ប្រលាយ ឃុំប្រលាយ ស្រុកថ្មបាំង ខេត្ត​កោះ​កុង​នេះ​តែម្តង។ វារំលឹកដល់អតីតកាលមួយ ដែលខ្ញុំជិះទូកទៅក្រោយផ្ទះលើកមងបានត្រីច្រើន ហើយ​​បន្តទៅដកប្រលិតមកស្ល ដ្បិតពេលនោះស្រុកខ្ញុំក៏សម្បូរធនធានដូចទីនេះដែរ។

          ខ្ញុំ មិនខុសពីអ្នកភូមិនៅតំបន់នេះទេ ដែលមានសំណួរជាច្រើន ថាតើ ជីវិត​សា​មញ្ញ​បែប​នេះ ហើយនៅទីនេះ អាចនឹងរលាយបាត់ដែរឬទេ? បើវាបាត់ពិតមែននោះ តើ​បាត់ទៅ​ដោយ​របៀប ? អ្នក​ណា​នឹងលួចយកវាទៅ ? គេនឹងលួចវានៅពេលណា ? តើ​សំណួរទាំង​នេះ​ច្រើន​ពេក​ទេដឹង ?

          ​ខ្ញុំត្រលប់​មកផ្ទះវិញ ជាមួយនឹងសំណួរដែលហៀបនឹងមានចម្លើយ ដ្បិតពេលនេះ ខ្ញុំ​ឃើញ​ឡាន​ធំៗ​កំពុងតែដំណើរ​ការ​ឈួស​​ឆាយ​ធ្វើផ្លូវចូល​ជ្រៅទៅក្នុងជ្រលងអារ៉ែង។ ហើយ​តើ​​ខ្ញុំ​មាន​អំណាច​អ្វី​ខ្លះ​ដើម្បីស្វែងរកចំលើយវិជ្ជមានមួយទៅនឹងសំណួរខាងលើ?

ភ្នំពេញ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៥

យ៉េង ឈាងលី