គាត់ក៏ចាកចេញទៅ

  មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) លើចិញ្ចើមផ្លូវមុន្នីវង្ស ក្បែរការ៉ាស់លក់ឡាន មាន មនុស្សឈប់រោមអ៊ូមើលលោកអ៊ំម្នាក់ដែលកំពុងអង្គុយក្នុងសភាពដុនដាប។ ក្បែរគាត់ មានកង់ ចាស់មួយដួលនៅលើផ្លូវ។ គាត់ត្រូវម៉ូតូប៉ះមែនទេបង? ឭអ្នកនៅក្បែរហ្នឹង សួរសំណូរនេះ ទៅ កាន់បុរសម្នាក់ដែលកំពុងតែយកក្រដាសជូតឈាមចេញពីជើងអ៊ំយ៉ាងយកចិត្តទុកដាក់។

«បងៗ អ៊ំប្រុសនេះត្រូវម៉ូតូបុកមែនទេ?» សំណួរដដែលបានឭជាថ្មីម្តងទៀតចេញពីបុរសម្នាក់ ផ្សេងទៀតដែលទើបតែមកដល់។ ខ្ញុំឃើញបុរស​ដែលជូតឈាមអ៊ំប្រុសនោះ ងើបឈរ​ឡើង​ហើយ​​​ប្រាប់ទៅបុរសអ្នកសួររូបនោះថា «អ៊ំប្រុសគាត់ជិះកង់ដួលខ្លួនឯង»។ គាត់បន្ថែមពី ការណ៍ដែលអ៊ំប្រុសដួលស្រប់ពេលដែលគាត់ចេញម៉ូតូពីមុខសាកលវិទ្យាល័យមកប្រទះនឹងអ៊ំ ហើយអ៊ំប្រុសប្រហែលជាភ័យទើបបណ្តាលឲ្យគាត់ដួលរលាតដៃជើងបែបនេះទៅ…។

ទោះជាគ្រោះអចេតនានេះធ្លាក់មកលើអ៊ំក្នុងវ័យជរាមិនធ្ងន់ក៏ពិតមែន តែគាត់ហាក់ តក់ស្លុត។ ក្រោយពីដឹងរឿងហេតុ បុរសទីពីរដែលសួររកមួលហេតុគ្រោះថ្នាក់នេះ បានសួរទៅអ៊ំ ប្រុស​ចន្ថា​ដោយសុភាពថាតើអ៊ំមានចាំលេខទូរសព្ទអ្នកផ្ទះគាត់ ឬអត់ ?  ពេលនោះ អ៊ំគាត់ប្រឹង​លូក​ហោប៉ៅ​​ខាងឆ្វេងក្នុងសភាពញ័រ បម្រុងក្រោកឈរ តែគាត់ធ្វើមិនរួច។ រាវចុះរាវឡើង អ៊ំបាន​ទាញ​​​​យកកូនសៀវភៅចាស់មួយចេញមកមានទាំងលេខឆ្នោតដោយមកផង។
ម្នាក់ៗដែលរោមជុំវិញអ៊ំលើកនេះ ខុសពីរចរិតអ្នករោមលើក​មុនៗដែលខ្ញុំបាន​ឃើញ​ដាច់​តែ​ម្តង​។ ពួកគាត់សហការគ្នាជួយឆែករកលេខទូរសព្ទពីក្នុងសៀវភៅអ៊ំ។ ដោយសារតែគាត់​ឲ្យមក​ទាំង​ដុល ខ្ញុំបានឃើញលុយប្រមាណជា ៤ ទៅ ៥ពាន់រៀលតែប៉ុណ្ណោះធ្លាក់ចេញពីសៀវភៅ​លេខទូរសព្ទដ៏តូចមួយរបស់អ៊ំ។
ម្នាក់ៗនាំគ្នាចំអន់លេងទៅអ៊ំថា «លុយអ៊ំច្រើនដល់ហើយៗ!» ។ តែទោះជាយ៉ាង​ណា​បុរស​ដែល​សួរកលេខអ៊ំរូបនោះ បានទាញទូរសព្ទចេញពីហោប៉ៅគាត់យ៉ាងលឿនដូចខ្លាច​គេ​ដណ្តើម​​គាត់ តេអីចឹង។ ក្នុងសភាពឈឺឆ្អាល បុរសម្នាក់នោះ បានចុចលេខ​ទូរសព្ទ​កូន​ប្រុស​អ៊ំចន្ថា ហើយតេហៅឲ្យមកទទួលអ៊ំចន្ថាទៅសម្រាក នឹងរកពេទ្យជួយលាងរបួស។
ពេលនេះម្នាក់ៗរីករាយនឹងដណ្តើមគ្នាជួយអ៊ំ។ មានតែលោកប៉ូលិសម្នាក់នោះទេ ដែលជិះ​ម៉ូតូ​ម៉ាក​ណាយហតពណ៌ខ្មៅស្អាតមកមើលបន្តិចហើយ ក៏បត់ទៅវិញយ៉ាងលឿនដូចព្រួញ​ដែល​បាញ់​​មួយទំហឹងសំដៅទៅទីទៃបាត់ដាន។ ក្នុងសភាពបែបនេះ ពូប៉ូលិសពោះ​ស្អុយមិន​បាន​ទាំងចុះ មកសួរមួយម៉ាត់ផង។ អ៊ំធូរខ្លះនូវអ៊ំ ? សំណួរនេះនៅតែលេចចេញពី​មាត់អ្នក​នៅជុំវិញ​អ៊ំ​ដដែល តែមិនមែនលោកប៉ូលិស។
ពេលនេះ កូនប្រុសគាត់ក៏កំពុងតែធ្វើដំណើរចេញមកទទួលគាត់។ ម្នាក់ៗ ក៏សម្រេច​ចិត្ត​លើក​កង់អ៊ំឡើង ដោយយល់ថា ប៉ូលិសបែបមិនចង់ពិនិត្យអីទេ ព្រោះអីគាត់បត់​ម៉ូតូទៅ​បាត់​ដាន​​ទៅហើយ។ អ៊ំប្រុសហាក់មានសុវត្ថិភាព អីចឹងហើយខ្ញុំក៏សម្រេចចិត្តឡើងម៉ូតូ ប្រញាប់​ត្រលប់​មកផ្ទះដែរទៅ៕

ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៥
យ៉េង ឈាងលី

2 thoughts on “គាត់ក៏ចាកចេញទៅ

  1. Soy Sina ថា:

    ពាក្យពេចន៍បរិយាយធ្វើអោយស្មៅអាចស្វិតក្រៀមបាន ពិតមែនហើយ បើសិនជាមានការផ្លាស់ប្តូរបែបនេះមែន សង្គមនឹងរីកចម្រើន សុខដុម អរគុណសម្រាប់អត្ថបទនេះ។ លំហូរគំនិតនៃអក្សរសិល្បិ៍ជាគ្រិះនៃការក៏សាងឧត្តមគតិជាតិ និងសីលធម៍សង្គម។

    Liked by 1 person

បញ្ចេញមតិ