តែៗស្ករៗ

ដោយហេតុថា ខ្ញុំបានឃើញ បានដឹង និងបានឭពីចរន្តសង្គមដ៏ក្រឡាប់ចាក់ សំបូររឿងប្លែកៗ និងមនុស្សវិប្បលាស ខ្ញុំក៏សម្រេចចិត្តចូលទៅស្តាប់ ទៅមើល ទៅពាក់ព័ន្ធ។ ពេលឥលូវ មនុស្សខ្មែរខ្លះ ចាប់ផ្តើមកំណត់បក្សពួក និងពួកបក្ខ ដោយអ្នកខ្លះស្រែកថា ក្រុមនោះ តែៗស្ករៗ ក្រុមនោះត្រឹមត្រូវជ្រុល ក្រុមណោះ ជាតិនិយមជ្រុល…ជាដើម។ ដោយហេតុថា ខ្ញុំពិតជាបានឃើញ និងអស់សំណើច ខ្ញុំក៏ចាប់ផ្តើមចងកាព្យមួយចំនួនឡើយ ។ ខ្ញុំចងតាមអារម្មណ៍ តាមភ្នែក និងតាមព្រឹត្តិការណ៍ពិតដ៏គួរឱ្យហួសចិត្តទាំងអស់នោះ។ មិនលើសគ្នាប៉ុន្មានថ្ងៃផង មានបែកធ្លាយរឿងក្មេងៗ រួមមេត្រីបែបគូៗថតជាវីដេអូទុក។ តែចៃដន្យវាត្រូវគេបង្ហោះលើបណ្តាយសង្គមហ្វេសបុក។ គូសង្សារនោះនិយាយគ្នាថា៖ “បើបងមានកូនជាមួយអូន បងនឹងដាក់ឈ្មោះ អាឡុង(បើកូនប្រុស) បើអូនមានកូនជាមួយបង អូននឹងដាក់ឈ្មោះ អាម៉ី (បើកូនស្រី)” ក្រោយវីដេអូហ្នឹងបែកធ្លាយ ក៏មានការបកស្រាយផ្សេងៗគ្នា និងមានបីបួនរឿងជ្រិះៗគ្នា។ មានអ្នកខ្លះរហូតថតឡាយដោយសម្ភាសក្មេងៗទាំងនោះ គេទាំងលើកឡើងថា ការរួមមេត្រី ឬដេកជាមួយគ្នាក្នុងពេលបច្ចុប្បន្ន វាធម្មតាទៅហើយ។ ឯមហាជន ក៏ផ្ទុះការរិះគន់បែបចំអកឡកឡឺយកំប្លុកកំប្លែងដាក់គ្នាទៅវិញទៅមកដែរថា៖ “អ្ហេ ឪអាឡុង អ្ហេ! ម៉ាក់អាម៉ី។ “ រឿងនេះមិនទាន់បានប៉ុន្មានថ្ងៃផង ក៏បែកធ្លាយវីដេអូមួយទៀត គឺមាននារីម្នាក់បង្គាប់លោកសង្ឃឱ្យឆីពោតស្ងោរតាមបែប ស៊ិច មានទាំងស្ទីល លិឍ ស្ទីល ជញ្ជក់ និងស្ទីលយកដៃទៅអង្អែល ឬបើនិយាយឱ្យអស់គេថា សាប់។ ក្មេងស្រីនោះ អះអាងថាលោកចាប់រំលោភនាង ហើយដោយខឹងនឹងលោកដែលគេចវេសមិនទទួលស្គាល់ ខ្លួនក៍សម្រេចចិត្តបង្ហោះក្លីបវិដេអូខ្លីនោះជាសាធារណៈតែម្តងទៅ។ មិនយូរ ពួកគេអះអាងរកខុសត្រូវរហូតនាំគ្នាមកដល់អារាមជាទីស្ងប់ស្ងាត់ ឱ្យផ្អើលអស់អ្នកយកព័ត៌មានដណ្តើមគ្នាថត។ បន្ទាប់មក លោកសង្ឃពុំយល់សាសនារួបនោះ ក៏ត្រូវចាប់ផ្សឹក។ ព្រឹត្តិការណ៍នៅខេត្តបន្ទាយមានជ័យនេះ បានធ្វើឱ្យកក្រើកពេញសង្គមហ្វេសប៊ុក និងធ្វើឱ្យផ្អើលរិះគន់បែបកំប្លែងថ្មីមួយទៀតពីមហាជន។ អ្នកខ្លះច្នៃជារូបភាពបង្ហោះលេងថា៖ តើរូបភាព A( រូបអាវុធនុយក្លែអ៊ែ) និង B (រូបផ្លែពោត) មួយណាជាអាវុធប្រល័យលោក? ខ្លះទៀតច្នៃរូបត្លុកដែលមាន ព្រះសង្ឃមួយអង្គមានសង្ឃដីការថា៖ “អាត្មាផ្អាក់ឆាន់ពោតមួយរយៈសិន។” អ្នកខ្លះទៀតច្នៃថា ស៊ីពោតស្ងោរអាចខូចអនាគត ដូច្នេះមុននឹងស៊ីត្រូវប្រុងប្រយ័ត្ន។ រឿងនេះ ក៏ត្រូវគេយកទៅប្រដូចនិងទុំទាវ គ្រាន់តែថា ទាវក្នុងរឿង ស៊ូស្លាប់តាមទុំដែលសឹករួចហើយ។ ចំណែកទាវថ្មីនេះ គឺល្បូងទុំឱ្យចេញស្ទាយអាស ថតវីដេអូ ហើយបង្ហោះនិងប្តឹងចាប់ទុំ​​…។
ខ្ញុំសម្រេចសរសេរ ដោយពុំខ្វល់ពាក្យថា តែៗ ស្ករៗ អ្វីទាំងអស់។ ខ្ញុំសូមកត់ និងសូមនិយាយរឿងនេះ។ ដើម្បី​កុំឱ្យខ្មាសនឹងសម្តីលោកកវី ឃុន ស៊្រុន ដែលលោកលើកឡើងថា បើអ្នកមិនសរសេរ ចាត់ទុកថា ២៤ ម៉ោងនេះ គ្មានអ្វីកើតឡើងទៅចុះ។ ខ្ញុំយល់ច្បាស់ណាស់ថា រិះគន់ ជាពាក្យមិនល្អ បើគ្រាន់តែក្រឡេកភ្នែកឃើញភ្លាម។ តែក្រោយមក ខ្ញុំក៏ជឿថា រិះគន់ មិនមែនសុទ្ធដូចអ្វីដែលភ្នែកក្រឡេកទៅប៉ះត្រឹមមួយប៉្រិចនោះទេ។ ម៉្លោះហើយ បើសិនខ្ញុំត្រូវក្លាយជាអ្នក តែៗ ស្ករៗ ក៏ខ្ញុំជឿថា នៅពេលនេះ ម៉ោងនេះ ឥលូវនេះ មានរឿងរ៉ាវបែប តែៗ ស្ករៗ ច្រើនលើសលប់ លើសរហូតអាចឱ្យយើងស្រមៃបានថា សង្គមខ្មែរឥលូវសែនវ៉ល ដូចនំកូរអ៊ីចឹង។ ហើយក៏សូមឱ្យការរិះគន់នេះដដែល ត្រូវបានអ្នកអានដែលឆ្លងផុតសម័យ តែៗ ស្ករៗ​ យកទៅជជែកពិភាក្សា និងថ្លឹងថ្លៃង៕


#រិះគន់#យ៉េងឈាងលី

ថ្មីជាន់ថ្មី

………..

៦ មិថុនា ២០១៨

រឿងឪអាឡុងម៉ាក់អាម៉ី

នៅសើមថ្មីៗមិញៗដែរ

ឥលូវស្រាបពោតលោតមកក្បែរ

បង្វែរអាម៉ីឆ្ងាយអាឡុង។

មកមើលអាវុធប្រលៃលោក

រឿងថ្មីសើមជោកអ៊ូក្រៅក្នុង

ប៊ុយរ៉ូសាលាសឹងវិលក្បុង

ឃើញតែរឿងហ្នុងជុំៗសើច៕

 

ស៊ីពោត

5/6/2018

រឿងពោតលោតពេញវាលហ្វេសប៊ុក
រឿងនេះលាក់មុខទុកយូរក្រែល
រឿងរបៀបស៊ី វីវក់ដែល
លោកកំអែលផេះឆ្អេះឆ្អាបក្រៃ។

រឿងពោតស្ងោរមួយពួយបោកប្រាស់
ជនជល់ឥតខ្មាសខ្វះឬថ្លៃ?
ស៊ីចុកឆ្អែតឆ្អល់កល់ដោះដៃ
ចរណៃថ្លៃម្តេចស្រាយបែបហ្នឹង?

លោកពោតនាងពាក់អ្នកទាំងពីរ
ហែកស៊ីញីញក់លក់ជាតិម្លឹង
ខូចកាចបាចកេរ្តិ៍មួយទំហឹង
រួចប្រឹងជំទាល់ឆ្កៀលចរចា។

រឿងលោកនិងនាងកៀងកៀកគុជ
មកអុជឲ្យឆាបសាបរដ្ឋា
គេពឺតមួយស្រុកបុកផ្តាសា
ទាំងអ្នកថ្លៃថ្លាការគោរព។

រឿងពោតព័ន្ធពាក់អ្នកទាំងពីរ
ក្រោយស៊ីក្រោយចុកស្រណុកយប់
ម្តេចមិនដោះតែពីរនាក់គ្រប់
មកបំពលភពឲ្យអាបឱន។

យើងឃើញ…

បទ៖ ពាក្យប្រាំពីរ

យើងឃើញមេទ័ពមេទាហាន

គាត់មានលុចស៊ីសជិះត្រៀបត្រា

គាត់មានដីស្រែរាប់ហិចតា

គាត់មានសង្សារក្មេងសាច់ខ្ចី។

យើងឃើញមេទ័ពមេទាហាន

ឃើញមានវិឡាខ្ពស់ផុតដី

អង្គរ័ក្សហែរហមឃ្លាំមេស្រី

ឃើញសព្វអ្វីៗដែលគាត់មាន។

តែយើងមិនបានឃើញកូនទ័ព

ដែលរស់អភ័ពនាមទាហាន

ប្តូរស្លាប់ប្តូររស់ច្បាំងចោរឈ្លាន

ពានយកទឹកដីខណ្ឌសីមា។

យើងកម្រឃើញមានអាវថ្មី

ឬមួយឳបស្រីនៅក្នុងបារ

កម្រឃើញគាត់ញ៉ាំអាហារ

សល់គរត្រៀមត្រាហ៊ារដល់ឆ្កែ។

យើងឃើញតែគាត់ដណ្តើមបាយ

ឬសុំគេចាយជាហូរហែ

ឃើញតែដាច់ដៃដាច់ជើងដែរ

ឃើញតែកម្សត់ព្រាត់គ្រួសារ។

យើងឃើញតែគាត់ធ្វើកូនទ័ព

រស់ជាប់ជាយដែនសែនខ្លោចផ្សា

ឃើញកូនប្រពន្ធក្នុងគ្រួសារ
ជេរថាគ្មានកំណើតអ្វីសោះ៕


ខ្ញុំសរសេរកំណាព្យនេះ គឺនិយាយពីហេតុបច្ច័យទៅមុន។ វាមិនមែននៅសុខៗ ខ្ញុំក៏សរសេរនោះទេ។ ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៧ ខ្ញុំបានអានសៀវភៅមួយចំណងជើង « គ្រូធំ» ដែលនិយាយរៀបរាប់ពីសម្តីលោកបណ្ឌិត កែម ឡី ដែលគាត់យករឿងតម្លើងប្រាក់ខែមន្ត្រីរាជការ របស់រដ្ឋាភិបាលមកនិយាយ។
វាចំនឹងសាច់រឿងដែលខ្ញុំតែងតែឃើញញឹកញាប់ផងនោះ ទើបធ្វើឲ្យអារម្មណ៍ខ្ញុំក្តុកក្ឌួល នឹងនឹកដល់ទាហានម្នាក់ដែលសុំលុយខ្ញុំទិញបាយហូបកាលពីប៉ុន្មានខែមុននៅតាមខេត្ត។
កំណាព្យនេះ ក៏ចាប់ផ្តើមឡើង ដោយពាក្យថា « យើងឃើញ…» ខ្ញុំសុខចិត្តទាញយកពាក្យ « យើង» មកនិយាយ ដោយខ្ញុំជឿថា មិនមែនតែខ្ញុំម្នាក់ទេ ដែលឃើញរឿងខាងលើនេះ៕

យ៉េង ឈាងលី

ត្រសក់ទុំ

បងប្រុសខ្ញុំប្រាប់ថា Casino នៅប្រទេសថែរកលុយបានច្រើន។ ខ្ញុំក៏សម្រេចចិត្តទៅរកលុយនៅថៃ។ ខ្ញុំពុំ ដាច់ អាល័យពី បងធីសោះ តែបើក្រឡេកមើលទៅម៉ែ គាត់ចាស់ណាស់ហើយៗ គ្រួសាខ្ញុំក្រសឹង តែរកអង្ករ ច្រក ឆ្នាំងពុំបានផង។ បងធី គាត់ស្រឡាញ់ខ្ញុំស្មើកែវភ្នែកគាត់។ គាត់អង្វរហើយ អង្វរទៀត កុំឲ្យខ្ញុំនេះ ចេញពី ស្រុកខ្មែរ ទៅស្រុកគេ។ ខ្ញុំក៏ស្រលាញ់បងធី ខ្លាំងណាស់ដែរ តែកាលនោះ ខ្ញុំស្រលាញ់ម្តាយខ្ញុំផងដែរ។

បងធីគាត់ថា « បើអូនទៅស្រុកថែ យើងប្រហែលបែកគ្នាហើយ»។ ខ្ញុំសួរគាត់ថាតើហេតុ​អ្វីទើបយើង បែក គ្នា? គាត់បាននិយាយយ៉ាងដាច់ៗថា« ឃ្លាតឆ្ងាយ ណាយចិត្ត»។ ទាំងគាត់ ទាំងខ្ញុំនឹងប្រែប្រួល។ គាត់បារម្ ភខ្លាចខ្ញុំពុំអាចគ្រប់គ្រង់អារម្មណ៍ខ្លួនឯងបាន។ នៅប្រទេសថៃ មានមនុស្សស្រីរំលូតកូនច្រើនណាស់។ ខ្ញុំ ជជីកសួរត្រង់នេះ ហើយការពន្យល់របស់គាត់គឺមកពីភ្លើងតណ្ហារបស់យុវវ័យ ហើយគាត់និយាយច្បាស់ៗថា មួយភាគធំក្នុងរឿងនោះ គឺប្រុសៗគ្មានទំនួលខុសត្រូវ។ គាត់បន្តទៀតថា គាត់បានឃើញ កូនង៉ែត ដែល គេច្រកក្នុងកាបូបដាក់ខោអាវហើយបោះចោលក្បែរធុងសម្រាម រហូតមានគេរើសយកទៅចិញ្ចឹម។ គាត់បារម្ភ ខ្លាចខ្ញុំ ធ្លាក់ក្នុងសំណាញ់ជនបោកប្រាស់បំណងរួមភេទ។ ខ្ញុំខឹងគាត់ឡើងក្រហមមុខដូចរងើកភ្លើង។ តើបងធី ចាត់ទុកខ្ញុំជាស្រីបែបណា? ឬក៏គាត់មើលស្រាល់ខ្ញុំដោយសារតែខ្ញុំរៀនសូត្របានតិច? ខ្ញុំអន់ចិត្តស្លេត ហើយ បំណងទៅថៃកាន់តែក្រាសក្រែលឡើងៗ…។ ម៉ែក៏កាន់តែលំបាក រីឯក្តីស្រលាញ់របស់ខ្ញុំ ក៏កាន់ តែ ធ្ងន់ៗ ក្នុង ផ្លូវពុំទុកចិត្តគ្នា។ ខ្ញុំកាលនោះពុំបានគិតជ្រៅពីចិត្តបងធីប៉ុន្មានទេ។ គាត់បារម្ភនោះ ដោយសារតែពួកយើង ដឹង ក្តីចំសម័យទំនើប។ ខ្ញុំក៏ទទួលស្គាល់ដែរថា ស្រីៗ និងប្រុសៗ ស្រលាញ់គ្នាតែក្នុងផ្លួវរួមភេទ ប៉ុណ្ណោះ ចំពោះ ក្តីស្រលាញ់វ័យជំទងសម័យនេះ។ ក៏ប៉ុន្តែ ៩ នាក់ដែលស្រលាញ់គ្នាតាមផ្លូវនោះ គឺនៅមានខ្ញុំម្នាក់ដែរ ដែល ស្រលាញ់បងធីទុកជាអនាគត ប្តីរបស់ខ្ញុំ។

          ភាពខ្មាស់អៀនរបស់ខ្ញុំជាស្រីម្នាក់ គឺពុំអាចឈានជើងទៅឈរនិយាយប្រាប់បងធីថា ខ្ញុំស្រលាញ់គាត់ ចង់បានជាប្តីប្រន្ធនោះឡើយ។ ខ្ញុំចង់ឲ្យបងធីចាប់ឳបខ្ញុំ ហើយថើបខ្ញុំ។ ខ្ញុំចង់ឲ្យបងធីដេកលើខ្ញុំ។ ខ្ញុំចង់ មាន កូនជាមួយបងធី។ តែបងធីហាក់មិនយល់ ហើយពុំយល់ដល់ជម្រៅចិត្តខ្ញុំកាលនោះក៏មិនដឹង។ ហឹម! ខ្ញុំ  សម្រេចចិត្តទៅថៃទាល់តែបាន។ មកដល់ថៃខ្ញុំនឹកគាត់សឹងបែកទ្រូង។ ខ្ញុំនឹកស្នាមញញឹមគាត់។ នឹកសម្តី ត្រង់ៗ ដែលគាត់និយាយមកខ្ញុំ។ « បងធី បងត្រូវទ្រាំណាបង! កុំអាលមានអ្នកថ្មីអីបានអត់?» នេះជាសម្តី ដែលខ្ញុំតែងនិយាយមុនពេលលូនទៅដេក។ មានពេលខ្លះ ខ្ញុំក៏ពិបាកក្នុងអារម្មណ៍ណាស់ដែរ។ នៅក្នុង Casino មួយនេះ មានស្ត្រីថៃ និងស្ត្រីខ្មែរជាច្រើន បានរួមភេទជាមួយភ្ញៀវ រកបានលុយយ៉ាងច្រើន។ គេមក និយាយប្រាប់ខ្ញុំថា គេស្រួលខ្លាំងណាស់ ហើយលុយក៏រកបានឥតដាច់។ ចំណែកស្ត្រីថៃ និងខ្មែរមួយចំនួន ទៀត ឆ្លៀតទៅរាំស្រាត ឬពាក់អាវទ្រនាមស៊ីចស៊ី នឹងអនុញ្ញាតឲ្យភ្ញៀវច្របាច់ដោះលែង ក៏បានលុយ  ធីម យ៉ាងច្រើនសន្ធឹកណាស់ដែរ។ ហិហិ…ថ្ងៃមួយនោះ ខ្ញុំលួចគិតលេងៗថា ដោះខ្ញុំធំគួរសម ហើយត្រគៀក ខ្ញុំ រីយសាយល្មម សមនឹងឲ្យគេស្រលាញ់ថ្នមថ្នាក់។ តែពេលនឹកដល់បងធី និងម៉ែ ខ្ញុំអត់អាច ឈាន ជើង ទៅបានទេ។ តើបងធីមានគិតដូចខ្ញុំអត់ហ្ន?

          មួយឆ្នាំល្មម ដែលខ្ញុំមកនៅធ្វើកាក្នុង Casino នេះ។ លារហើយប្រទេសថៃ។ ខ្ញុំបាន មកដល់ ប្រទេស យើងវិញហើយ។ ហឹម! នៅតែមានបញ្ហាដដែលចំពោះស្ត្រីល្ងង់ខ្លៅដូចជាខ្ញុំ។ បើមិនធ្វើការរោងចក្រ មានតែ ធ្វើសំណង់? បើធ្វើការរោងចក្រ ក៏ល្អជាងសំណង តែប្រាក់ខែ និងប្រាក់ឈ្នួលតិចពេក។ ខ្ញុំចាំបានថា កាលនោះ គេឲ្យប្រាក់ខែគោល ៦០ ដុល្លារក្នុងមួយខែ។ ហើយបើខ្ញុំថែមម៉ោងក្រោយពីធ្វើការអស់ប្រាំបីម៉ោងហើយនោះ ខ្ញុំនឹងទទួលបានប្រាក់ឈ្នួលក្នុងមួយម៉ោងត្រឹមតែ ២០០០ រៀល។ លប់! អូនអ្ហែងដឹងអត់ថា ពងទាមួយគ្រាប់ ៥០០ រៀលឯណោះ។ មួយម៉ោងនោះ នឹងទិញបានពងទាបានតែ ៤ គ្រាប់ទេ។ ខ្ញុំក៏ប្តូរចិត្តពីការងារនោះ មកគិតរឿងធ្វើសំណង់។ គេថាមួយថ្ងៃរកបាន ២០០០ ម៉ឺនរៀល ស្មើនឹង ៥ ដុល្លារ។ យី! ច្រើនដែរតើ។ តែថ្ងៃមួយនោះ ខ្ញុំទៅឃើញបងស្រីម្នាក់ គាត់លីស៊ីម៉ង់ត៏ឡើងទៅជាន់ទីបីទាំងទទីងទទើម។ ពេលគាត់កំពុង តែលីវាឡើង ស្រាប់តែកូនតូចរបស់គាត់យំអើយយំ។ គាត់រត់ចុះមកយ៉ាងលឿន ហើយក៏បានប្រលេះ លែវអាវ ឲ្យកូនគាត់បៅដោះ តែដោះគាត់វាស្វិត អត់មានទឹកសោះ។ ទីបំផុតគាត់ខំលួងកូនគាត់រហូតដល់វាឈប់យំ ហើយគេងលក់។ ខ្ញុំព្រឺសម្បុរខ្ញាក់ ហើយស្រណោះខ្លួនខ្ញុំ។ ហឹម…តើប្តីខ្ញុំនឹងយល់ពីរឿងនេះទេហ្ន? ខ្ញុំសួរទុក មុនទាំងខ្លួនឯងមិនទាន់បានជុំនឹងបងធី។

          ទីបំផុត ខ្ញុំបានរើសយកការងារសន្តិសុខ។ គេឲ្យប្រាក់ខែគោលដល់ខ្ញុំចំនួន ៨០ ដុល្លា។ វាប្រសើរដែរ ព្រោះលើសប្រាក់ខែគោលនៅរោងចក្រកាត់ដេរឆ្ងាញណាស់។ ខ្ញុំខំធ្វើការរហូតដល់ គេលើក​ខ្ញុំឲ្យ​ឡើង​ជា​ប្រធាន​ក្រុមសន្តិសុខ។ ខ្ញុំចាប់ផ្តើមបែកគំនិត។ ខ្ញុំចង់ចែករំលែកភាគហ៊ុនសន្តិសុខ នឹងទទួលខុស​ត្រូវ​លើ​ហានិភ័យផ្ទាល់ខ្លួនមួយដើម្បីប្រាក់ចំណូលខ្ពស់។ ខ្ញុំខំគិតពីគំរោងនេះ រហូតទាល់តែភ្លេចបងធីម្តងៗ។ តែ​គោល​​ដៅខ្ញុំបរាជ័យដោសារតែខ្ញុំមានតែម្នាក់ឯង។ ខ្ញុំក៏បោះបង់គំនិតនេះចោល។ មិនយូរប៉ុន្មាន ខ្ញុំឈប់​ពី​ការងារ​សន្តិ ហើយមកធ្វើការជាអ្នករាប់បញ្ជីទំនិញក្នុងឃ្លាំងរោងចក្រ។ នៅទីនេះពុំលំបាកទេ។ ប្រាក់ខែក៏រាង​ច្រើន​ជាងមុន។ ខ្ញុំចាប់ផ្តើមមានពេលទំនេរខ្លះអាចគិតពីបងធីសំណព្វចិត្តខ្ញុំ។

          អ្វីៗប្រែប្រួលពេលខ្ញុំមកដល់ផ្ទះជាលើកទីពីរបន្ទាប់ពីកាលដែលខ្ញុំចេញពីថៃហើយទៅដល់ផ្ទះជាលើកដំបូង។ បងធីមានប្រពន្ធហើយ។ គាត់បានកូនបី។ តែគាត់នៅតែស្រលាញ់ខ្ញុំដដែល។ ប្រពន្ធគាត់មានមាឌធំណាស់។ គាត់ថាក្តីស្រលាញ់គាត់ចំពោះប្រពន្ធគាត់នេះ គឺមកពីគេបង្អាបរឿងត្រសក់ទុំ។ ពេលនោះគាត់ទៅ​ទិញត្រសក់​ពីប្រពន្ធគាត់ ហើយពូកម៉ាក់ប្រពន្ធគាត់ និងពួកម៉ាក់គាត់ផ្តើមបង្អាប់គាត់ឡើងចង់ងើបមុខពុំរួច។ បងស្រីនោះ ក៏ស្រលាញ់គាត់។ ស្រលាញ់គាត់មែនទែន។ បងធី ប្រហែលគាត់ជាប្រុសសំបូរស្នេហ៍ហើយមើល៍ទៅ។ អ្នក​ភូមិប្រាប់ខ្ញុំថា ម្តាយបងធី ក៏ពេញចិត្តនឹងប្រពន្ធបងធីដែរ ដោយសារបងស្រីនេះ ជាអ្នកធូរធារម្នាក់ដែរ។ ក្រោយមកបងធីក៏រៀបការ។ តែគាត់ប្រាប់ថាគាត់ព្រមការ ក៏ព្រោះតែអស់សង្ឃឹមនឹងបានរូបខ្ញុំ។ បងធី នៅ​តែ​រះ​ក្នុងចិត្តខ្ញុំ។ ទីបំផុតពូកយើងក៏ស្រលាញ់គ្នាម្តងទៀង។ ភ្លើងស្នេហ៍ពួកយើងដុះឡើងសន្ធោសន្ធៅ។ វាកាន់​តែរីក​ខ្លាំងឡើយៗ រហូតពូកយើងលបជួបគ្នា។ ម្តាយខ្ញុំដឹងរឿងទាំងអស់ តែបងប្អូនខ្ញុំអត់ដឹងទេ ព្រោះ​ខ្ញុំ​ខំលាក់។ ខ្ញុំខ្លាចបងប្អូនខ្ញុំមកវាយដំបងធី ហើយក៏ខ្លាចគេហែកពួកយើងចេញពីគ្នា។

«បង! តើបងពិបាកក្នុងចិត្តទេ?»

« ហឹម! គាត់មានប្រពន្ធ មានកូនដែលត្រូវមើលថែ។ ខ្ញុំអត់ដែលឲ្យគាត់ខ្វល់ពីខ្ញុំទេ។ បងអត់ដែល​ទារ​លុយ​គាត់សោះ។ បងប្រាប់គាត់ថា ចាយវាយលើគ្រួសារបងឲ្យគ្រប់គ្រាន់ចុះ កុំខ្វល់ពីអូន» បងធីគាត់​ស្រលាញ់​បងណាស់ រហូតដល់ថ្ងៃមួយនោះគាត់ប្រចណ្ឌបងនឹងមិត្តភក្តីគាត់ម្នាក់ ដោយសារតែគាត់នោះ​មកក្សិប​ក្បែរ​ត្រចៀកបង រឿងដែលគាត់នោះមិនពេញចិត្តនឹងស្រីខារ៉ាអូខេម្នាក់ក្នុងបន្ទប់ KTV ដែលបងធីនាំបងទៅ។

« ហឹម! បង ខ្ញុំក៏បានឭបងយំដែរ។ តែខ្ញុំអត់ហ៊ាននិយាយអ្វីទាំងអស់ព្រោះបង និងបងធី គឺជាមិត្តខ្ញុំដែល​ខ្ញុំ ចាត់​ទុកដូចបងអ៊ីចឹង។ តែខ្ញុំពិតជាយល់ពីអារម្មណ៍មួយនេះ»

ហឹម! អូនអ្ហើយ ថ្ងៃ២៨ ខែកុម្ភៈ​នេះ បងធីនឹងធ្វើពិធីបង្កក់កូនស្រីទីបួនរបស់គាត់ហើយ។ បងចង់ទៅ​ចូល​​រួម​ណាស់​ដែរ តែបងអត់ចង់ឲ្យបងធីប្រកែកឈ្លោះគ្នាជាមួយគ្រួសារគាត់ទាល់​តែសោះ…៕

          ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៦

យ៉េង ឈាងលី

គួរបន្ត ឬយ៉ាងណា??

IMG_6959 IMG_6957 IMG_6958

« អាមួយហ្នឹងឆ្កួតទេអី បានទៅថតរូបគេផ្តេសផ្តាស់»
សំនួនខាងលើលេចចេញពីក្បាលខ្ញុំសឹងគ្រប់ពេលដែលខ្ញុំថតរូបពួកគាត់។ តើអ្នក​ទាំង​អស់​គ្នាមានអារម្មណ៍បែបណាប្រសិនបើរូបភាពរបស់អ្នកត្រូវបានគេថតដោយគ្មានការអនុញ្ញាត ហើយបង្ហោះ? ជាការពិត ខ្ញុំបានធ្វើរឿងខុសឆ្គងទាំងនោះ។

    ម្សិលម៉្ងៃខ្ញុំធ្វើដំណើរឆ្ពោះទៅរង្វង់មូលចោមចៅ នៅតាមចិញ្ចើមផ្លូវសហពន្ធរុស្សីកៀកស្តុប ផ្សារដីហុយ ផ្នែកខាងស្តាំដៃខ្ញុំៗបានឃើញបុរសម្នាក់កំពុងឈរនោមធ្វើព្រងើយ។ សភាព​ចាំ​ស្តុបលោតភ្លើងប៉ៃតង គឺពិតជាមិនស្ងាត់ ថែមទាំងកកកុញផង តើហេតុអ្វី គាត់​មិន​ចេះ​ខ្មាស់​គេ​?

បុរសនោះត្រូវជាប់ក្នុងម៉ាស៊ីនថតរបស់ខ្ញុំ។ រូបភាពពីរបីសន្លឹក បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​សកម្មភាពនោមយ៉ាងអណាធិប្បតេយ្យរបស់គាត់។ តើខ្ញុំពិតជាខុសណាស់មែនទេ? ខ្ញុំស្មាន​ថា​គេ​មុខតែនឹងជេរខ្ញុំស្លាប់ហើយ…ទីបំផុត អ្នកដំណើរដែល​បានឈប់​ចាំភ្លើង​បៃតង​ទាំង​អស់​គ្នា​ដូច​ខ្ញុំដែរនោះបានត្រឹមតែសម្លឹងមើលមុខខ្ញុំ ហើយបែរចេញទាំងមានលួយសើចលាយលំផង។

   យ៉ាងណាៗ ខ្ញុំក៏មិនគួរធ្វើបែបនេះដែរ បើគិតតាមក្រមសីលធម៌។ តែខ្ញុំ​ចង់​សួរ​ទៅ​អ្នក​ទំាង​អស់គ្នាបន្តិច « បើបានឃើញពួកគាត់បន្តស្តែងចរិតបែបនេះ តើយើងគួរធ្វើបែបណា ?» ។


ភ្នំពេញ ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៥
យ៉េង ឈាងលី

ផ្តេសផ្តាស់

  អារម្មណ៍ក្នុងរោងកុនលើកនេះ ខុសឆ្ងាយពីមុនដាច់។ រឿងដ៏មានអត្ថន័យ បែរ​ជា​ត្រូវ​ភាព​រអាក់រអួលក្នុងចិត្តវាយកំទេចដូចភ្នំថ្មដែលត្រូវគេពុំបំបែកដោយគ្រាប់ម៉ីន។ អារម្មណ៍នេះ វា​ហាក់បីដូចជាសំពាធផ្លូវចិត្តមួយ។ ហេតុអ្វីគាត់ធ្វើមុខស្មើ ? សម្តីខ្សាវៗដូចមិនចង់និយាយ? ហេតុ​​អ្វី​គាត់មិនញញឹម? វាខុសពីលើកមុនៗដាច់តែម្តង ដ្បិតគាត់តែងញញឹមពេល​ឃើញខ្ញុំ​…អួហ៍! ឬ​ក៏​​ខ្ញុំចេះតែមៃគាត់ផ្តេសផ្តាស់??

  កុនក៏ចប់។ ខ្ញុំមិនចង់និយាយលេងទេ ព្រោះមានអារម្មណ៍អាម៉ាស់ផង អន់ចិត្តផង ក៏​ប្រញាប់​ដើរចេញពីរោងកុនយ៉ាងលឿនសំដៅទៅរកជណ្តើរយន្ត។ ជាន់ទីបីផុត ទៅដល់ជាន់ទីពីរ ហើយ​​​​​ក៏ដល់ជាន់ផ្ទាល់ដី។ ខ្ញុំដើរលឿនខុសរាល់ដង។ តែក្រសែភ្នែកចង្រៃនេះ នៅតែនាំ​ខ្ញុំ​ឲ្យ​ឃើញអ្វីៗដែលនាំចិត្តឲ្យរឹតតែគិតផ្តេសផ្តាស់។ Ranger Rover ថ្មីស្រឡាង BMW ចាំងភ្នែក​មនុស្ស​ម្នានៅឈរឈ្ងោកណ្តាល់បរិវេនតាំងលក់ក្នុងផ្សារ។ មនុស្សប្រុសស្រីស្អាត់ៗ ក្មេងៗ​ក្នុង​រទេះ​រុញទំនើបៗ ហាងនំបរទេសជាច្រើនដង្ហែរអមផ្លូវដើរ មានទាំងនារីស៊ិចស៊ីអង្គុយ​គង​ភ្លៅ​លេចគល់ចេកថែមទាំងលានល្វែងលើ…គឺដើមទ្រូវចេញចង្អូភ្នំច្បាស់…រូបភាពទាំងអស់នៅទីនោះ សុទ្ធតែស៊ីវីល័យ​ទាក់ភ្នែក ទាក់រហូតដល់ចង់ទន់ជង្គង។

   សំណួរលប់ៗក៏ចាប់ផ្តើម៖ តើមនុស្សអ្នកមានទាំងនោះ គិតថាឡានថ្មីៗដែលតាំងលក់ហ្នឹង មានតម្លៃខ្លាំងណាស់ឬ? តើឡានទំនើបដែលមានអ្នករោមមើលអ៊ូទាំងនោះ អាចស្រោចស្រង់​ជីវិតអត់ឃ្លានបានពេញមួយឃុំខ្ញុំទេ​? ទេ បានតែម្នាក់ អ្នកជះលុយទិញហ្នឹងឯង។ ខ្ញុំខ្ពើមឡាន ខ្ពើមមនុស្សសំញែងអស់ហ្នឹងណាស់… ខ្ពើមមែនអី? សំណួរបន្ទាប់ក៏លេចឡើងបន្ត៖ បើខ្ញុំ​ស្ថិត​ក្នុងស្ថានភាពប្រសើរ មានលុយ មានអំណាចដូចគេ តើខ្ញុំគិតថាសម្ភារទំនើបៗទាំងនោះ គ្មាន​តម្លៃ​​ដូចពេលនេះទេ? ទេ! ខ្ញុំនៅតែគិតថា គ្មានតម្លៃ។ កុំព្រូស មុខដូចខ្ញុំនេះ មុខតែតម្កើង​សំញែង​លើសគេផងក៏មិនដឹង។

  ដល់ត្រឹមនេះ, ខ្ញុំក៏ដើរមកដល់មាត់ច្រកចេញពីផ្សារទំនើបនេះតែម្តង។ មែន​ហើយ​ខ្ញុំ​ប្រហែល​ជាច្រណែនគេអ្នកមានផងក៏មិនដឹង។ លុយគេខំរក រឿងអីគេមិនអាចសោយសុខបាន? តើគេ​ត្រូវ​យកពេលវេលាសប្បាយផ្ទាល់ខ្លួន នឹងភាពសុខស្រួលខ្លួនគេ មកចែកយើង​យ៉ាងម៉េចកើត? ហើយបើគេមិនអាចចែកយើងបាន ម្តេចយើងត្រូវស្អប់គេ ឬគិតថាគេអាក្រក់?

  ចិត្តចង្រៃអើយ! ល្មមឈប់គិតបែបនេះហើយណា! បើឯងស្រលាញ់ស្ថានភាព​ដែលឯង​មាន​នៅ​ពេលនេះទៅហើយក៏ល្មមនឹងឈប់យករឿងគេមកបង្កឲ្យជារូបភាពអាក្រក់ ឬអវិជ្ជ​មាន​​ ដក់​ជាប់​ក្នុងចិត្តខ្លួនទៀតទៅ។  បើឯងគិតថាឯងចង់ជួយមនុស្ស​ជុំវិញខ្លួនដូចដែលឯងកំពុង​គិត​ពេល​​នេះមែននោះ ល្មមជួយដាស់ខ្លួនឯងឲ្យភ្ញាក់សិនណា…៕


កាលអាកាស៖ ល្ងាចថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៥
ទីកន្លែង៖ ផ្សារទំនើ អ៊ីអន

និពន្ធដោយ៖ យ៉េង ឈាងលី

ជឿគាត់អត់ ?

          ល្ងាចមិញមានរឿងហួសចិត្តមួយ

          រឿងអី?

          គឺរឿងរបស់អ្នកលក់សណ្តែកដីម្នាក់

          ប្រាប់បន្តិចមកអីចឹង

គាត់រត់ពីគល់ស្ពាន់កោះពេជ្រ (អតីតស្ពានពេជ្រ) មកទាំងកំហឹង ហើយចូលទៅអង្គុយលើម៉ូតូភក្តីធ្វើព្រងើយ។

          តែប៉ុណ្ណឹងទេឬ?

          ទេ មិនទាន់ដល់សាច់រឿងទេ។ គាត់និយាយទាំងកំហឹងថា៖

« ពួកអាចោម្រាយ ធ្វើត្រឹមសន្តិសុខសោះ មកដេញខ្ញុំទីណាត់ទីណែងមិនឲ្យលក់ ក្នុង តំបន់វាកាន់កាប់។ កាន់ម៉ែវាអី? ពួកអាងាប់ធ្វើបាបតែខ្មែរគ្នាឯង។ បងឯងមើល វាទាញ កញ្ឆក់កញ្ច្រែងសណ្តែកដីខ្ញុំឡើងខ្ចាយ ហើយកើបយកអស់ពាក់កណ្តាលបាត់។ ខ្ញុំទើបតែទូលចូលមកដល់ត្រឹមមាត់ច្រាំងក្បែរស្ពាន មិនទាន់ទាំងបានពពាយនាយលក់ផង អាពូកនោះវាមករកចាប់ខ្ញុំទៅដាក់នៅប៉ុស្តិ៍សន្តិសុខរបស់ពួកវា ថែមទាំងគំរាមឃាត់ខ្ញុំទុក។ ចាប់ទៅម៉ែវាអី? បើទៅមែន ត្រូចចាំវាសួរនាំទម្រាំបានចេញ បួនប្រាំម៉ោងឯណោះ។ បើចាំបែបហ្នឹង តើកូនខ្ញុំមិនដាច់បាយស្លាប់ទៅហើយទេអ្ហី…!»

          ម៉េចបានសន្តិសុខនៅម្តុំហ្នឹងគេចាប់គាត់?

          គាត់ថា គេមិនឲ្យគាត់ដើរលក់តែពិសតែពាសទេ។ ជាពិសេសម្តុំក្បែរស្ពានតែម្តង។

          ដូចអត់មានអីហួសចិត្តផង។

          កុំតែពេលល្ងាចខ្លាំងពេកទេ បើរាងយប់បន្តិច ច្បាស់ជាត្រូវរបស់គាត់វិញហើយ

          ម៉េចអីចឹង ?

          គាត់ថា គាត់មានពួកម៉ាក់គាត់ជាអ្នកលក់ខ្ចៅនៅម្តុំ Casino ណាហ្គាវើល។

          ចុះពួកម៉ាក់គាត់ជួយអីគាត់បាន?

          បើតាមសម្តីគាត់ អ្នកលក់ខ្ចៅនៅទីនោះ មានលាក់សុទ្ធតែសាមម៉ូរ៉ៃក្នុងរទេះខ្ចៅត្រៀមទុក

          ទុកធ្វើអី?

          ទុកកាប់ហ្នឹងណា

          អូហ៍! កាប់ពួកសន្តិសុខមែនទេ?

         គាត់បញ្ជាក់ថា មិនមែនត្រឹមតែសន្តិសុខទេ បើអ្នកទិញណាម្នាក់ តថ្លៃខ្ចៅហើយ       បែរជាអត់ទិញ ច្បាស់ជាត្រូវមិនខាន។

          និយាយលេង ឬមែន?

          និយាយតាមគាត់ហ្នុងទេ។ គាត់ថា ភាគច្រើនគេកាប់គ្នាចន្លោះម៉ោង ១ ទៅ ៣ យប់។

          ចុះជឿគាត់អត់?

          រឿងគេបណ្តេញគាត់មិនឲ្យលក់សណ្តែក ថែមទាំងយកសណ្តែកគាត់ ខ្ញុំដូចមិនសូវជឿទេ។ មិនដែលខ្មែរអ្នកក្រឯណាធ្វើបាបគ្នាអីចឹងទេវ៉ី! តែអារឿងអ្នកើល

ខ្ចៅលាក់សាមម៉ូរៃ គ្នាដូចជាជឿតិចៗ ព្រោះអ្នកលក់នៅម្តុំហ្នឹងមើលទៅកាចមែនតើ!

          ម៉េចបានមិនជឿគាត់ទាំងអស់អីចឹង?

          ដោយសារតែគាត់និយាយមកមានទាំងធុំក្លិនល្មត់លាយឡំផង, ហិហិហិ ៕


កាលអាកាស៖ នាវេលាម៉ោងជាង ៧ ល្ងាច ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០១៥

ទីកន្លែង៖ មាត់ច្រាំងខាងកើតកោះពេជ្រ ក្បែរហាងលក់ស្រាបៀរ

និពន្ធដោយ៖ យ៉េង ឈាងលី

មានចឹងផង?

Magnifier over Figures

«និយាយលែងចេញ! ការងារ​និយាយ​ពី​ប្រញាប់ទារអើយ​ប្រញាប់ ឯប្រាក់ខែ​មិនប្រញាប់បើក​ឲ្យគ្នាសោះ។»

«ដប់ថ្ងៃ​ហើយ ប្រាក់ខែនៅ​តែ​មិនឃើញ​បើក។ គេថា បើធ្វើការមិនហើយ​តាម​ការកុំម៉្មង់ គេមិនបើកប្រាក់ខែឲ្យ។ គ្រាន់តែ​ឮ ហួស​ចិត្ត មិនដឹង​ជាក្រុមហ៊ុន​ម៉ាកស្អី។​»

«អ្ហឺយ! វាធម្មតាទេ។ ក្រុមហ៊ុន​ទម្រាំតែ​គេ​ដេញថ្លៃ​គម្រោងមួយៗបាន គេចំណាយ​អស់​មិនស្ទើរទេ។ ដូច្នេះ​ការ​កេង​ពីលើបុគ្គលិក​ វាជា​រឿងមួយដែលគេគួរធ្វើហើយ។»

«និយាយ​ចឹង​សមហេតុផល​វ៉ើយ! គេរកស៊ី បើ​មិនចំណេញ ម៉េចគេធ្វើ?»

«ម្សិលមិញ ខ្ញុំឮអ្នកចាស់គាត់និយាយ។ គាត់ថាបុគ្គលិកចាស់ៗ គេឈប់អស់ហើយ ជាពិសេសមេគ្រប់គ្រង​គម្រោង​តាមខេត្ត។ គេថាក្រុមហ៊ុនយើងនេះ បោកគេ មិនគោរពតាមពាក្យសន្យា។ យកឈ្មោះគេ យកសមត្ថភាពគេ ទៅ​បោក​លុយ​ម្ចាស់ជំនួយ។​ ពេលបានរួច មិនគោរពតាមពាក្យ​សន្យា បើកប្រាក់ខែ​គេមិនគ្រប់ ​ធ្វើម៉េចឲ្យគេ​សុំឈប់ អាង​រក​អ្នកថ្មី ដែល​មាន​សមត្ថភាពទាបជាង យកប្រាក់ខែ​តិចជាង។»

«មានចឹងផង?»

«​មិនដឹងដែរ អ្នកចាស់គាត់និយាយចឹង។ ណាមួយ បើចឹង​មែននោះ ចំពោះឯកសារបញ្ជីស្នាមដែល​គេ​កំពុង​តែប្រញាប់នេះ មិនឲ្យ​ដាក់​ថ្ងៃខែ មិនឲ្យ​ដាក់ឈ្មោះ​ប្រធានបទ​ ឲ្យអ្នកភូមិ​ផ្តិមមេដៃព្រាតនេះ ខ្ញុំសង្ស័យ​ថា…»

«សង្ស័យ​ថា ពួកគេ​កំពុងតែ​ធ្វើអ្វីម៉្យាង ដែលលាក់លៀមមែនទេ?»

«ហ្នឹងហើយ! ខ្ញុំគិត ប្រហែលជាគេចង់​បន្លំឯកសារវគ្គបណ្តុះបណ្តាល។ ដូចដែលយើងឃើញ នៅក្នុង​ផែនការ​ ខែមុនគេមិន​ដាក់​ថា ​មាន​វគ្គបណ្តុះបណ្តាលទៅកាន់អ្នកភូមិ តែពួកយើង​អត់បានចុះ ​បណ្តុះបណ្តាល​​តាមផែនការ​ទេ។ ខ្ញុំសង្ស័យ​ថា គេនឹងប្រមូល​បញ្ជីស្នាមនេះ ទៅដាក់ប្រធានបទថ្មី ថ្ងៃខែថ្មី ថាយើង​ពិតជាបាន​ចុះបណ្តុះ​​បណ្តាលមែន ដើម្បីឲ្យ​ខាងម្ចាស់ជំនួយ​ទម្លាក់លុយមក ហើយគេក៏ចំណេញលើគោក ដោយ​មិនបាច់​ចំណាយ​អី។»​

«អ្ហឺយ! ឲ្យតែចឹងទៅ ខំ​ធ្វើការ មិនដឹងជា​បានអី។ សង្ស័យតែរត់ចោលសមរភូមិមុនគេទេវ៉ើយ!»

«អើ! កុំទាន់​រត់! បើកប្រាក់ខែសិនវ៉ើយ ចាំដាក់មេផាយ​ទាំងអស់គ្នា!»

គ្រប់គ្នាក៏សើចញឹមៗ។ ខ្ញុំជាម្នាក់ក្នុងចំណោមបុគ្គលិក​ថ្មីទើប​នឹងចូល ស្អីក៏មិនសូវដឹងដែរ។ តើធាតុពិត វាពិតជាដូចអ្វីដែល​ពួកយើងកំពុងតែ​ជជែកគ្នាឬ?

———————–

សរសេរដោយ អាពៅ

សៀមរាប ថ្ងៃទី​១១ មីនា ២០១៥

គាត់ក៏ចាកចេញទៅ

  មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) លើចិញ្ចើមផ្លូវមុន្នីវង្ស ក្បែរការ៉ាស់លក់ឡាន មាន មនុស្សឈប់រោមអ៊ូមើលលោកអ៊ំម្នាក់ដែលកំពុងអង្គុយក្នុងសភាពដុនដាប។ ក្បែរគាត់ មានកង់ ចាស់មួយដួលនៅលើផ្លូវ។ គាត់ត្រូវម៉ូតូប៉ះមែនទេបង? ឭអ្នកនៅក្បែរហ្នឹង សួរសំណូរនេះ ទៅ កាន់បុរសម្នាក់ដែលកំពុងតែយកក្រដាសជូតឈាមចេញពីជើងអ៊ំយ៉ាងយកចិត្តទុកដាក់។

«បងៗ អ៊ំប្រុសនេះត្រូវម៉ូតូបុកមែនទេ?» សំណួរដដែលបានឭជាថ្មីម្តងទៀតចេញពីបុរសម្នាក់ ផ្សេងទៀតដែលទើបតែមកដល់។ ខ្ញុំឃើញបុរស​ដែលជូតឈាមអ៊ំប្រុសនោះ ងើបឈរ​ឡើង​ហើយ​​​ប្រាប់ទៅបុរសអ្នកសួររូបនោះថា «អ៊ំប្រុសគាត់ជិះកង់ដួលខ្លួនឯង»។ គាត់បន្ថែមពី ការណ៍ដែលអ៊ំប្រុសដួលស្រប់ពេលដែលគាត់ចេញម៉ូតូពីមុខសាកលវិទ្យាល័យមកប្រទះនឹងអ៊ំ ហើយអ៊ំប្រុសប្រហែលជាភ័យទើបបណ្តាលឲ្យគាត់ដួលរលាតដៃជើងបែបនេះទៅ…។

ទោះជាគ្រោះអចេតនានេះធ្លាក់មកលើអ៊ំក្នុងវ័យជរាមិនធ្ងន់ក៏ពិតមែន តែគាត់ហាក់ តក់ស្លុត។ ក្រោយពីដឹងរឿងហេតុ បុរសទីពីរដែលសួររកមួលហេតុគ្រោះថ្នាក់នេះ បានសួរទៅអ៊ំ ប្រុស​ចន្ថា​ដោយសុភាពថាតើអ៊ំមានចាំលេខទូរសព្ទអ្នកផ្ទះគាត់ ឬអត់ ?  ពេលនោះ អ៊ំគាត់ប្រឹង​លូក​ហោប៉ៅ​​ខាងឆ្វេងក្នុងសភាពញ័រ បម្រុងក្រោកឈរ តែគាត់ធ្វើមិនរួច។ រាវចុះរាវឡើង អ៊ំបាន​ទាញ​​​​យកកូនសៀវភៅចាស់មួយចេញមកមានទាំងលេខឆ្នោតដោយមកផង។
ម្នាក់ៗដែលរោមជុំវិញអ៊ំលើកនេះ ខុសពីរចរិតអ្នករោមលើក​មុនៗដែលខ្ញុំបាន​ឃើញ​ដាច់​តែ​ម្តង​។ ពួកគាត់សហការគ្នាជួយឆែករកលេខទូរសព្ទពីក្នុងសៀវភៅអ៊ំ។ ដោយសារតែគាត់​ឲ្យមក​ទាំង​ដុល ខ្ញុំបានឃើញលុយប្រមាណជា ៤ ទៅ ៥ពាន់រៀលតែប៉ុណ្ណោះធ្លាក់ចេញពីសៀវភៅ​លេខទូរសព្ទដ៏តូចមួយរបស់អ៊ំ។
ម្នាក់ៗនាំគ្នាចំអន់លេងទៅអ៊ំថា «លុយអ៊ំច្រើនដល់ហើយៗ!» ។ តែទោះជាយ៉ាង​ណា​បុរស​ដែល​សួរកលេខអ៊ំរូបនោះ បានទាញទូរសព្ទចេញពីហោប៉ៅគាត់យ៉ាងលឿនដូចខ្លាច​គេ​ដណ្តើម​​គាត់ តេអីចឹង។ ក្នុងសភាពឈឺឆ្អាល បុរសម្នាក់នោះ បានចុចលេខ​ទូរសព្ទ​កូន​ប្រុស​អ៊ំចន្ថា ហើយតេហៅឲ្យមកទទួលអ៊ំចន្ថាទៅសម្រាក នឹងរកពេទ្យជួយលាងរបួស។
ពេលនេះម្នាក់ៗរីករាយនឹងដណ្តើមគ្នាជួយអ៊ំ។ មានតែលោកប៉ូលិសម្នាក់នោះទេ ដែលជិះ​ម៉ូតូ​ម៉ាក​ណាយហតពណ៌ខ្មៅស្អាតមកមើលបន្តិចហើយ ក៏បត់ទៅវិញយ៉ាងលឿនដូចព្រួញ​ដែល​បាញ់​​មួយទំហឹងសំដៅទៅទីទៃបាត់ដាន។ ក្នុងសភាពបែបនេះ ពូប៉ូលិសពោះ​ស្អុយមិន​បាន​ទាំងចុះ មកសួរមួយម៉ាត់ផង។ អ៊ំធូរខ្លះនូវអ៊ំ ? សំណួរនេះនៅតែលេចចេញពី​មាត់អ្នក​នៅជុំវិញ​អ៊ំ​ដដែល តែមិនមែនលោកប៉ូលិស។
ពេលនេះ កូនប្រុសគាត់ក៏កំពុងតែធ្វើដំណើរចេញមកទទួលគាត់។ ម្នាក់ៗ ក៏សម្រេច​ចិត្ត​លើក​កង់អ៊ំឡើង ដោយយល់ថា ប៉ូលិសបែបមិនចង់ពិនិត្យអីទេ ព្រោះអីគាត់បត់​ម៉ូតូទៅ​បាត់​ដាន​​ទៅហើយ។ អ៊ំប្រុសហាក់មានសុវត្ថិភាព អីចឹងហើយខ្ញុំក៏សម្រេចចិត្តឡើងម៉ូតូ ប្រញាប់​ត្រលប់​មកផ្ទះដែរទៅ៕

ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៥
យ៉េង ឈាងលី

ដើរឆ្លងវាលវដ្តសង្សារមិនសូវពិបាកទេ នៅឡើយតែដំណើរឆ្លងផ្លូវ…

ព័ត៌មានបានប្រាប់ចំនួនសរុបនៃអ្នកបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូល​ឆ្នាំចិនដែលមានចំនួន ២៩ នាក់ និងរងរបួសចំនួន ១៥១ នាក់ (ពីថ្ងៃ ពុធ ដល់ថ្ងៃសៅរ៍) ធៀប​ទៅនឹង​ឆ្នាំមុនដែល​មាន​អ្នក​​បាត់បង់ជីវិតរហូតដល់ទៅ ៣៣ នាក់ របួស ១៩៧។ (News Alert Service 23/02/2015)

យោងតាមប្រភពខាងលើ ធ្វើឲ្យយើងងាយស្រួលយល់ដឹងពីការស្លាប់ និងរបួសថាមាន​ការ​ធ្លាក់​ចុះច្រើន។ តែអ្វីដែលយើងពិបាកនឹងយល់ដល់ គឺចំនួនពិតនៅពីក្រោយនេះ។ បែបនេះ មិនមែនមានន័យថា យើងត្រូវតែបដិសេធជាមួយព័ត៌មានជាក់ស្តែងនោះទេ តែតម្រូវ​ចាំបាច់​ឲ្យ​យើងអង្កេតតាមដាន។ តួយ៉ាងយុវវជននៅពេលឥលូវ ដែលម្នាក់ក្នុងចំណោមដប់នាក់ ក៏​សឹង​តែមានចំណង់ចង់សេពគ្រឿងស្រវឹង(ស្រា) ទៅហើយ។ អីចឹង តើតើការ​ថយ​ចុះ​ក្នុង​ឆ្នាំ​នេះ អាចរក្សាបាន ឬរឹតតែថយចុះជាងនេះ នៅឆ្នាំបន្តបន្ទាប់ដែរឬទេ? ហើយ​តើការ​យល់​ដឹង​ស្តីពីបញ្ហានេះកើនឡើងមែនទេ ? ឬព័ត៌មានដែលខ្ញុំទទួលបាននៅមិនទាន់ច្បាស់?

យើងគួរគប្បីត្រេកអរចំពោះការធ្លាក់ចុះនេះ តែយើងគួរតែនៅបារម្ភចំពោះ​ពេល​អនាគត់​ខាងមុខ។ ដោយពិនិត្យទាំងថ្ងៃធម្មតា មិនមែនត្រឹមតែថ្ងៃពិសេស។ ហេតុអ្វីទើប​ថ្ងៃពិសេស​មាន​​អ្នកស្លាប់ច្រើន? ហើយតើហេតុអ្វីថ្ងៃធម្មតានៅតែមានអ្នករងគ្រោះច្រើន? តើគ្រោះ​ថ្នាក់​នេះកើតឡើងដោយសារកត្តាអ្វីជាចំបង? គួរតែរកវិធីដោះស្រាយកត្តាបង្កនោះបែបណា ?

ខ្ញុំ ក៏ដូចជាយើងទាំងអស់គ្នា តែងមិនចង់ឃើញគ្រោះថ្នាក់បែបនោះទេ។ យើង​មិន​ចង់​ស្រក់ទឹកភ្នែក។ យើងមិនចង់បែកបាក់គ្រួសារ អ្នកជាទីស្រលាញ់នោះឡើយ។ ដូច្នេះហើយ មានតែយើងនេះហើយដែលមាននាទីសំខាន់ក្នុងការជួយទប់ស្កាត់បញ្ហានេះ។ ដំបូង​ត្រូវ​តែ​អប់​រំដល់អ្នកនៅក្បែរជាចាំបាច់។ បន្ទាប់មក អប់រំខ្លួនយើងដោយមិនអនុញ្ញាតឲ្យខ្លួនឯង បើក​បរ​ពេលស្រវឹង ឬមិនត្រូវសេពច្រើនបើយើងជាតៃកុង។ រីឯស្រឡាយខ្សែអ្នកមានទ្រព្យ លោក​ពុំគួរទាល់តែសោះ ដែលត្រូវបើកឡានម៉ូតូរបស់លោកលឿនហួសកំណត់ តាមចិត្ត​ស្រវឹង​របស់​អស់លោក។ នេះបើតាមអ្វីដែលខ្ញុំបានឃើញរាងរាល់ព្រឹកព្រលឹម គឺភាគច្រើន​ឡាន​ថ្មីៗ​ស្រឡាង​របស់អស់លោក តែងតែបុកខ្ទេចទ្រូងផ្លូវយ៉ាងហោចណាស់ពី ១០ ទៅ ២០ ម៉េត្រ​…​ក្នុង​ក្រុងនេះ។ នៅមានមូតូផ្សេងៗផង ដែលសុទ្ធតែស្រវឹងពីយប់ ហើយបើក​បុក​ខ្ទេច​ខ្ទីស​ម្បត្តិ​សាធារណៈ ថែមទាំងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរឯទៀតនៅលើផ្លូវ។

អីចឹងហើយ កុំទាន់ត្រែកអរ តែគប្បីកាត់បន្ថយការផឹកស្រា និងបង្តើនភាព​ជាម្ចាស់​ការ​លើ​ខ្លូន​ឯង (មានទំនួលខុសត្រូវ) កុំឲ្យពាក្យមួយឃ្លាខាងលើនោះ មានឥទ្ធិពល​ខ្លាំង​ខ្លា​ក្នុង​ជីវិត​រស់​នៅ​ប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា…៕

ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៥
យ៉េង ឈាងលី

The way she stands

IMG_7240

Photo by: CHENG Sreymom

I walked on foot as a really long way in the jungle. Suddenly, I saw woman carrying her video Camera. She was not as the same as me though we were all walking on. She didn’t wear shoes. She had a Khmer scarf covering around her neck. Look at her; she had curly hair, big black eyes and sharp nose with her light black skin. I quest; she must be one among Indian women. I then asked myself some questions react to her presence here. Who was she? Why did she come to this jungle? What was she going to do?

Areng is as far as the eyes can see. Will she report this paradise on earth to her boss? And will her boss come to take this natural resource? No. she shouldn’t do that. Mostly, No Indian women visit the jungle. It should be men come here to sell watches or mosquito net to villager in this small community.

I can’t imagine how a worst plan she plans to. It is cruel of her if she will report her boss that Areng has a lot of big trees, fishes, Valley, which is easy to make electricity dam, nice land to do some kind of industry factory like Chinese factories, a place where natural resources still exist in Cambodia, etc.

Then, She reached a community home stay where I was just a few minutes arrived before here.

“Chum Reap Sour” (How do you do) she greeted some villagers.

“Sok Sabay Chea Te”(How are you) she added.

A lot of kids, women and men from other villagers came to see her. I wondered who she was.

She was hug, kissed, soothed and teased by all of them. She seems to be famous in the thought of those villagers. I didn’t really understand why these pure heart people love her. Why? Who was she? Where was she from? Did I need to change my questions? No. I had to dig for the real behind this woman.

I walked toward her. She turned her face to me. I pretended to greet to her.

“Chum Reap Sou?”

“Sok Sabay Te?” I added.

“Sok Sabay nas” she answered.

Who are you? This question was still appeared in my brain.

“What are you doing with your video Camera?” I asked her with my first rude question. She smiled at me.

I am doing a video documentary about our lovely nature.

I want to see this lovely jungle stand alive like us.

I want this lovely Areng keep staying in its original form.

Come joint me to keep our last treasure.

She messaged to us. Not only me. Oh, I started my questions thinking associate to her. She looked more like one woman who stranded and fight for this Areng valley. I about to ask her whether what kind of her video documentary is. Then She added

“The people here, they don’t really need a kind development. And here is a natural and eco-tourism site. We never need to see this place change its form. I need all of you guys come, joint and fight. Together we will have strong voice against those people who is destroying our jungle with their silly goal”.

She seems to be a strong one. I realized. She wanted to fight against Chinese company. She even has her first documentary film about this Areng, A river change course. I heard it was selected as a world prize documentary film. Now, Do I have to change my questions?

How come this small woman dares to fight against those people?

Don’t you know someone behind this company? No. I will not joint this fight. I’m being afraid of dying or being arrested to prison. I don’t want to be a prisoner, all alone at all. But

I turn to look at her, she speak to everyone in the eyes of pitiful. I almost recorded some of her tear that seems to be appeared around her eyes.

Doesn’t she afraid? Doesn’t she feel tired? While a man as me is just silent and look? Don’t you think she fails? Don’t you want to join the fight she’s planning to? This is the way she stands. Can we all stand?

Place: Chronoub village, Prolay Commnune, Thmor Bang district, Koh Kong province

Time: Morning.


February 20th, 2015

Phnom Penh Cambodia

Chheangly YENG