ទន្លេបាទី ពិភព​ជម្រិតលុយអ្នក​ទេសចរ

ទន្លេ​បាទី​ជា​រមណីយដ្ឋានមួយ ស្ថិត​នៅ​ក្នុង​ខេត្តតាកែវ ដែលមានចម្ងាយ​ប្រមាណ​៣០គីឡូម៉ែត្រ​ពីរាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិលេខ​២។ រមណីយដ្ឋាននេះ​មានទឹក​ មាន​កូន​រោង​តូចៗសម្រាប់អង្គុយ​លេង។

កាលពី​ថ្ងៃ​ទី២៨ ខែមករា គ.ស. ២០១៥ ឈាងលី និង​ខ្ញុំ​​បាននាំគ្នាទៅលេងទីនោះ។ ពិត​ដូច​ជាគេ​ថា កន្លែង​បាទីមិន​ស្អាត​ទេ ហើយ​ថែមជា​កន្លែងជម្រិត​យកលុយ​ពី​ភ្ញៀវទេសចរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ចរិត​ក្មេង​ក៏​មិន​ល្អ។ ចូល​ចិត្ត​មក​សុំលុយ។​​ បើ​សុំលុយមិន​បាន ក៏​សុំរបស់​ញ៉ាំ។ បើ​របស់ញ៉ាំមិនបាន ក៏សុំ​របស់​ផ្សេងៗ រហូតទាល់​តែ​ទាល់​តម្រិះ។

រោងទឹក មួយកន្លែង១ម៉ឺនរៀល​

រោងទឹក មួយកន្លែង១ម៉ឺនរៀល​

មាន់​មិនទាន់​បាន​ញ៉ាំ​អស់ពាក់កណ្តាល​ផង ក្មេង​ពីរបីនាក់​តិច​មកសុំៗ ធុញ​ពេក ក៏​ឲ្យទៅ។ មិន​ត្រឹម​តែប៉ុណ្ណឹង ក្រៅពីសុំមាន់​ហើយ ឆ្លៀត​មកសុំ​អំពិលផ្អែមដែល​គេទើបនឹងទិញទៀត។ មាន​អារម្មណ៍​ថា មក​លេង​ទីនេះ គ្មាន​បាន​លំហែអារម្មណ៍​ឲ្យ​មាន​ក្តីសុខ​សូម្បី​តែ​បន្តិច។

ញ៉ាំ​ក៏​គ្មានក្តីសុខ សម្រាកក៏​មិន​ស្ងប់ លើសពីហ្នឹង តម្លៃ​គេ​កាប់ក៏អស់ទាស់​។ បើ​មិនជឿ សូមមើល​វិក័យ​បត្រ​ខាង​ក្រោម។ បើ​មិនជឿ​ទៀត សូម​សាកទៅទីនោះ​ខ្លួនឯង។​

10947628_926180880748529_1884961983_n

  • គ្រែទឹក ឬ​រោង​លើទឹក ៥០០០៛។ អាហ្នឹង​តថ្លៃរួចហើយ កាលចូល​មក​ដំបូង។ តម្លៃ​ធម្មតា គឺ ១០០០០៛។
  • ទឹកសុទ្ធដបតូច​ចំណុះ​ប្រហែល​៣០០ម.ល. ទិញ​ខាងក្រៅតែមួយ​ដប ៥០០៛។ ឯណេះ គេ​គិត​មួយ​ដប ២០០០៛។​
  • មាន់ដុត និង​បាយ អត់មាន​បញ្ហា តម្លៃ​ប៉ុណ្ណឹង​អាច​ទទួលយក​បាន។
  • បុកល្ហុង​ មួយចាន ១៥០០០៛ អាហ្នឹងក៏ហួស​ហេតុ​ដែល គិត​ថាមួយចាន​តែប្រាំប្រាំមួយ​ពាន់អស់ធំ។​
  • ទឹកកក​មួយធុង​តូច តម្លៃ​៥០០០៛។ បើ​តាមគិត ទឹកកកហ្នឹងទិញ​មក មិន​បាន​ម៉ា​សាច់​៥០០៛ផង។​

លើសពីនេះ អ្វីដែល​ធ្វើឲ្យក្តៅ​ចិត្ត គឺ​គេគិត​លុយ​ខុស។ ការពិត ត្រូវអស់​តែ​៦៨០០០រៀលទេ។ ហើយ​អ្វីដែល​រឹតតែ​ធ្វើ​ឲ្យក្តៅ​ចិត្ត​ជាងហ្នឹងទៀត គឺ​ថាពួក​ខ្ញុំពីរនាក់​ហួសចិត្ត​ រវល់​តែ​ខឹង ភ្លេច​បូកលុយ​ម្តង​ទៀត។ លើក​នេះ ខាត​ជាន់​លើ​ខាត។​

ដើម្បី​ជា​ការណែនាំ និងដាស់តឿន បើ​អ្នក​ចង់ទៅលេង​នៅទីនោះ គ្រាន់តែ​ជួលរោងទឹកគេអង្គុយលេង​ទៅ​បានហើយ។ ទឹកសុទ្ធ និង​បាយ​ គួរ​ទិញ និង​ខ្ចប់​មកពីផ្ទះ​ស្រាប់ល្អជាង។ ព្រោះ​មិន​ដឹង​ថា របស់គេ​ធ្វើ​ស្អាត​ឬក៏អត់។ ខ្ញុំ​តាមផ្លូវ​ឈឺ​ពោះ​រត់​មិន​ទាន់ចង់​ដល់​បង្គន់​ផង។

សូមអំពាវ​នាវ​ដល់​អ្នកលក់ សហគមន៍ និង​ក្រសួង​ដែលពាក់ព័ន្ធ មេត្តា​កែលំអ​សេវាកម្មទេសចរណ៍​របស់ខ្លួនសារជាថ្មី ដូច​ជា​បញ្ហាសំរាម គុណភាព​ទឹកទន្លេ បញ្ហា​តម្លៃ និង​អនាម័យជាដើម។​ និយាយ​ដោយ​ស្មោះ​ទៅ ទន្លេ​បាទី​ហ្នឹង អត់មាន​ស្អី​ទាក់ភ្នែក​សូម្បី​តែបន្តិច ទឹកឡើង​ខ្មៅ សំរាម​អណ្តែត​ សភាព​ដូចទឹកស្អុយ។ បើ​ប្រៀបធៀប អត់បាន​មួយ​ចំណិត​នឹង​តំបន់​រមណីយដ្ឋាន ត្រាវកុដិ​ នៅ​សៀមរាប​ផង។ ទេសភាព​​គេក៏​ស្អាត តម្លៃ និង​សេវា​កម្ម​ក៏​ល្អ។ គេ​ទៅហើយ គេចង់ទៅទៀត៕​

​————————–

សរសេរ​នៅ​សៀមរាប

២៩ មករា ២០១៥

អាពៅ

បញ្ចេញមតិ